logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

គំនូរឧស្សាហកម្ម នៅកម្ពុជា

គំនូរឧស្សាហកម្ម គឺជាទម្រង់មួយប្រភេទរបស់កម្មសិទិ្ធបញ្ញា ដែលការពារទៅលើភាពថ្មីនៃរូបរាងពិសេសរបស់ផលិតផល។ គំនូរឧស្សាហកម្មត្រូវបានការពារដោយច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលបានប្រកាសអោយប្រើប្រាស់នៅក្នុងឆ្នាំ ២០០៣ ជាមួយនឹងប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្មនៅឆ្នាំ ២០០៦។ គំនូរឧស្សាហកម្មត្រូវបានចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ លើសពីនេះទៅទៀត តាមរយៈកិច្ចព្រមព្រៀងពិសេសរវាងនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរីនៃសាធារណរដ្ឋសឹង្ហបុរី គំនូរឧស្សាហកម្មរបស់សាធារណរដ្ឋសឹង្ហបុរី ដែលចង់ការពារនៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចធ្វើការចុះបញ្ជីបានតាមរយៈអាជ្ញាធរប្រទេសរបស់ខ្លួន ហើយគំនូរឧស្សាហកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ដែលចង់ការពារនៅសាធារណរដ្ឋសឹង្ហបុរី ក៏អាចធ្វើការចុះបញ្ជីតាមរយៈអាជ្ញាធរប្រទេសខ្លួនបានដែរ។ មគ្គុទេសក៍នេះនិងផ្តល់នូវទិដ្ឋភាពជាសង្ខែបរបស់ធាតុសំខាន់ៗនៃច្បាប់ និងការអនុវត្តន៍នាពេលបច្ចុប្បន្នផងដែរ។

សេចក្តីផ្តើម

គំនូរឧស្សាហកម្ម ក្នុងន័យច្បាប់នេះ គឺជាការផ្គុំនៃបន្ទាត់ ឬពណ៌ ឬទម្រង់បីខ្នាត ឬសម្ភារៈណាមួយ ទោះបីជាមានឬពុំមានការផ្គុំរួមជាមួយបន្ទាត់ ឬពណ៌ក៏ដោយ អោយតែការផ្គុំទម្រង់ ឬសម្ភារៈទាំងនោះរំលេច ឡើងជារូបពិសេសរបស់ផលិតផលឧស្សាហកម្ម ឬ សិប្បកម្ម និងដែលអាចធ្វើជាគំរូផលិតផលឧស្សាហកម្ម ឬសិប្បកម្ម និងអាចសម្គាល់បានដោយចក្ខុ។[1] ដូចនេះ ទម្រង់ផ្សេងៗទៀតដែលទាក់ទងនឹងអារម្មណ៍ ដូចជាការប៉ះ ឬសំឡេងមិនត្រូវបានការពារឡើយ។ ផ្នែកណាមួយនៃគំនូរឧស្សាហកម្ម ដែលបម្រើអោយគោលបំណងសម្រាប់តែទទួលបាននូវលទ្ធផលបច្ចេកទេស និងដែលផ្នែកនោះមិនមានរូបរាងច្បាស់លាស់មិនត្រូវបានផ្តល់ការការពារឡើយ។[2]

គំនូរឧស្សាហកម្មដែលត្រូវបានការការពារ
គំនូរឧស្សាហកម្មដែលអាចចុះបញ្ជីបាន

គំនូរឧស្សាហកម្មត្រូវតែ "ថ្មី" ក្នុងការចុះបញ្ជី មានន័យថា គំនូរឧស្សាហកម្មនោះមិនទាន់បានបញ្ចេញ អោយដឹងដល់សាធារណជននៅទីកន្លែងណាមួយនៅលើពិភពលោកមុនកាលបរិច្ឆេទសុំចុះបញ្ជី ឬមុនកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំ តាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬតាមរយៈការប្រើប្រាស់ ឬតាមរយៈមធ្យោយបាយផ្សព្វផ្សាយផ្សេងៗទៀត។[3] ការបញ្ចេញអោយដឹងដល់សាធារណជននឹងមិនត្រូវបានយកមកពិចារណាឡើយ ប្រសិនបើ ក). ការដឹងដល់សាធារណជននូវគំនូរឧស្សាហកម្មដែលកើតឡើងក្នុងអំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ ខ). ការធ្វើអោយលេចឮខ្ចរខ្ចាយពត៌មានអំពីគំនូរឧស្សាហកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាម រយៈអ្នកស្នងរបស់បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជនដែលបណ្តាលអោយលេច ឮខ្ចរខ្ចាយពត៌មាននេះ។[4] គំនូរឧស្សាហកម្មដែលផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ ឬសីលធម៌ មិនអាចចុះបញ្ជីបានឡើយ។[5]

សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម ត្រូវដាក់ជូននាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ សំណុំលិខិតស្នើសុំ និងឯកសារណាមួយដែលបង្កើតបានជាផ្នែកមួយនៃសំណុំលិខិតស្នើសុំត្រូវធ្វើឡើងជាភាសាខ្មែរ។[6]  ពត៌មានដែលត្រូវការក្នុងការដាក់ពាក្យស្នើសុំមានដូចជាៈ

  • ឈ្មោះ  អាសយដ្ឋាន  សញ្ជាតិ  និងពត៌មានសម្រាប់ទំនាក់ទំនងរបស់អ្នកដាក់ពាក្យស្នើសុំ និង​ អ្នកបង្កើតស្នាដៃ

  • ចំណងជើងនៃគំនូរឧស្សាហកម្ម

  • និមិត្តសញ្ញាអន្តរជាតិនៃគំនូរឧស្សាហកម្ម

  • បញ្ជាក់អំពីប្រភេទផលិតផលដែលប្រើប្រាស់ចំពោះគំនូរឧស្សាហកម្ម

  • បញ្ជាក់អំពីភាពថ្មី និងចំនុចដែលចង់បានការពារលើគំនូរឧស្សាហកម្ម

  • ពិពណ៍នាជាសង្ខែបអំពីគំនូរឧស្សាហកម្ម

សំណុំលិខិតស្នើសុំចុះបញ្ជីត្រូវភា្ជប់ជាមួយគំនូសបង្ហាញ   រូបថត  ឬគំនូសតាងសមស្របផ្សេងទៀតដែលតំណាងអោយគំនូរឧស្សាហកម្មនោះ។  មន្រ្តីកាន់កាប់បញ្ជីនិងផ្តល់លេខដាក់ពាក្យ និងកាលបរិច្ឆេទទទួលសំណុំលិខិតស្នើសុំជូនដល់អ្នកដាក់ពាក្យស្នើសុំ នៅពេលដែលបានទទួលសំណុំលិខិតស្នើសុំ ហើយកម្រៃក្នុងការដាក់ពាក្យស្នើសុំត្រូវបានបង់។[7] ស្នាដៃគំនូរឧស្សាហកម្មដែលបង្កើតឡើងដោយនិយោជិកនិងក្លាយជាកម្មសិទិ្ធរបស់និយោជក ប្រសិនបើមិនបានព្រមព្រៀងគ្នានៅក្នុងកិច្ចសន្យាការងារ។ នៅក្នុងករណីបែបនេះ ​ឯកសារបញ្ជាក់អំពីសិទិ្ធរបស់អ្នកដាក់ពាក្យសុំ ដែលបញ្ជាក់ពីមន្ទីសាការីត្រូវតម្រូវអោយមាន។ នៅពេលអ្នកដាក់ពាក្យសុំមានទីលំនៅអចិន្រ្តៃយ៍ ឬ ទីតាំងប្រកបអាជីវកម្មសំខាន់សិ្ថតនៅក្រៅព្រះរាជាណាចក្រកម្ពុជា អ្នកស្នើសុំនោះត្រូវតែមានតំណាងជាភ្នាក់ងារដែលមានទីលំនៅ និងកំពុងប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។[8]  អ្នកដាក់ពាក្យសុំត្រូវផ្តល់លិខិតប្រគល់សិទិ្ធចាត់តាំងភ្នាក់ងារ ជូនដល់មន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេលពីរ (២) ខែ ​គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីនៃសំណុំលិខិតស្នើសុំនោះ។[9]

ខណៈដែលប្រទេសកម្ពុជាជាសមាជិកនៃអនុសញ្ញាទីក្រុងប៉ារីស និង អង្គការពាណិជ្ជកម្មពិភពលោក សំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម អាចទាមទារសិទិ្ធអាទិភាពដោយផ្អែកលើសំណុំលិខិតស្នើសុំដំបូង ដែលបានដាក់នៅថ្នាក់ជាតិ  ថ្នាក់តំបន់  និងថ្នាក់អន្តរជាតិ។[10]  សិទិ្ធអាទិភាពនេះមានរយៈពេលប្រាំមួយ (៦)ខែ គិត ចាប់ពីកាលបរិច្ឆេទនៃការដាក់សំណុំលិខិតស្នើសុំដំបូងបង្អស់។[11]  ក្នុងករណីនេះ នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនិងស្នើសុំឯកសារចម្លងនៃសំណុំលិខិតស្នើសុំដំបូង ដោយមានការបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម។ ការផ្តល់ឯកសារថតចម្លងនៃសំណុំលិខិតស្នើសុំដំបូង​ គឺមានរយៈពេលបី (៣) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំរបស់មន្រ្តីកាន់កាប់បញ្ជី។[12] ចំពោះការបកប្រែជាភាសាខ្មែរ ត្រូវដាក់ជូនមន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេលប្រាំមួយ (៦) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការស្នើសុំ។[13]

ជាធម្មតា ការចុះបញ្ជីត្រូវចំណាយពេលប្រហែលបួន (៤) ទៅ ប្រាំមួយ (៦) ខែ ដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជី ដោយសន្មត់ថាសំណុំលិខិតស្នើសុំនោះត្រូវបានបំពេញត្រឹមត្រូវ។[14]  ការព្យាករនេះ គឺផ្អែកលើបទពិសោធន៍ការងារកន្លងមក ប៉ុន្តែវាអាចចំណាយពេលយូរជាងនេះ អាស្រ័យលើទំហំការងាររបស់មន្ត្រីកាន់កាប់បញ្ជី។ សេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទាក់ទងនឹងការចុះបញ្ជីគំនូរឧស្សាហកម្ម ឬ ការបដិសេធសំណុំលិខិតស្នើសុំអាចប្តឹងតវ៉ាទៅតុលាការ ក្នុងរយៈពេលបី (៣)ខែ ចាប់ពីថ្ងៃចេញសេចក្តី សម្រេច។[15]  ចាប់ពីខែ មករា ឆ្នាំ២០១៥ អ្នកដាក់ពាក្យស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជាអាចធ្វើតាមរយៈអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី។  អង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរីនៃសាធារណរដ្ឋសឹង្ហបុរី និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាដែលអនុញ្ញាតអោយមានការដាក់សំណុំលិខិតស្នើសុំនៅព្រះរាជាណាចក្រកម្ពុជាតាមរយៈអាជ្ញាធរសឹង្ហបុរី និងអោយមានការដាក់សំណុំលិខិតស្នើសុំនៅសាធារណរដ្ឋសឹង្ហបុរីតាមរយៈអាជ្ញាធរកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពសម្រាប់រយៈពេលប្រាំ (៥) ឆ្នាំ គិតពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ ហើយអាចត្រូវបន្តជាថ្មីតាមការយល់ព្រមរបស់ភាគីទាំងពីរ។

បែបបទនៃការដាក់ពាក្យ

សិទិ្ធចំបងដែលទទួលបានពីគំនូរឧស្សាហកម្ម គឺជាសិទិ្ធទប់ស្កាត់បុគ្គលដ៏ទៃពីការធ្វើអាជីវកម្មលើគំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួច។[16]  ''ការធ្វើអាជីវកម្ម" មានន័យថា ការផលិត  ការលក់ ឬការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ។[17]  ម្ចាស់គំនូរឧស្សាហកម្មអាចប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គលណាដែលរំលោភលើគំនូរឧស្សាហកម្ម​ តាមរយៈការនុវត្តន៍សកម្មភាពទាំងឡាយខាងលើដោយគ្មានការព្រមព្រៀង ឬការយល់ព្រម។[18]

ការចុះបញ្ជីគំនូរឧស្សាហកម្មមានសុពលភាពប្រាំ (៥)ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ។ ​ការចុះបញ្ជីសាឡើងវិញអាចធ្វើបានចំនួនពីរ (២) ដងជាប់ៗគ្នា ដែលម្តងៗមានសុពលភាពប្រាំ (៥)ឆ្នាំ ជាមួយកម្រៃបន្តសុពលភាព។[19]  សំណុំលិខិតចុះបញ្ជីសាឡើងវិញ និងវិញ្ញាបនត្រចុះបញ្ជីគំនូរឧស្សាហកម្មត្រូវដាក់ជូនមន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេលប្រាំមួយ (៦)ខែ មុនការផុតកំណត់នៃការចុះបញ្ជី។[20]  លិខិតប្រគល់សិទិ្ធចាត់តាំងភ្នាក់ងារដែលមានបញ្ជាក់ដោយមន្ទីសាការីនិងតម្រូវអោយមាន ប្រសិនបើម្ចាស់គំនូរឧស្សាហកម្មនោះត្រូវបានតំណាងដោយភ្នាក់ងារ។  រយៈពេលប្រាំមួយ (៦) ខែទៀតត្រូវបានអនុញ្ញាតចំពោះការយឺតយ៉ាវ បន្ទាប់ពីកាលបរិច្ឆេទសុពលភាពផុតកំណត់ជាមួយនិងការបង់កម្រៃបន្ថែមលើការយឺតយ៉ាវ ក្នុងករណីខកខានត្រូវចាត់ទុកថាបានបោះបង់ចោល។[21]

សិទិ្ធ រយៈពេលការពារ និងការចុះបញ្ជីសាឡើងវិញ

បុគ្គលដែលមានការពាក់នឹងការចុះបញ្ជី ឬសំណុំលិខិតស្នើសុំចុះបញ្ជីគំនូរឧស្សាហកម្ម អាចធ្វើការស្នើសុំទៅមន្រ្តីកាន់កាប់បញ្ជីចំពោះការប្តូរម្ចាស់កម្មសិទិ្ធ។ សំណើរសុំផ្លាស់ប្តូរម្ចាស់កម្មសិទិ្ធ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ ហើយត្រូវកត់ត្រាចូលក្នុងបញ្ជី និងចុះផ្សាយជាសាធារណៈដោយមន្រ្តីកាន់កាប់បញ្ជី។  ការប្តូរម្ចាស់កម្មសិទិ្ធនេះនឹងមិនមានអានុភាពចំពោះភាគីទីបីឡើយរហូតដល់ការកត់ត្រាចូលក្នុងបញ្ជីត្រូវបានធ្វើរួចជាស្ថាពរ។[26]  ស្រដៀងគ្នានេះដែរ កិច្ចសន្យាអាជ្ញាប័ណ្ណក៏ត្រូវកត់ត្រាចូលក្នុងបញ្ជីដែរ បើមិនដូចនោះទេវានឹងមិនមានអានុភាពចំពោះភាគីទីបីឡើយ។[27]  មន្រ្តីកាន់កាប់បញ្ជីនឹងរក្សាការសម្ងាត់ដែលមាននៅក្នុងកិច្ចសន្យាអាជ្ញាប័ណ្ណនោះ។ សំណុំលិខិតស្នើសុំប្តូរម្ចាស់កម្មសិទិ្ធ ឬកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណត្រូវតែមានការបង់កម្រៃសេវា។

ការប្តូរម្ចាស់កម្មសិទិ្ធ និងកិច្ចសន្យាអាជ្ញាប័ណ្ណ

ម្ចាស់គំនូរឧស្សាហកម្មដែលបានចុះបញ្ជីរួចនិងទទួលបានសិទិ្ធផ្តាច់មុខដើម្បីទប់ស្កាត់បុគ្គលដ៏ទៃ ពីការផលិត ការលក់ ឬ ការនាំចូលវត្ថុទាំងឡាយដែលបង្កើតឡើងដោយគំនូរឧស្សាហកម្មនោះ។ ការរំលោភនូវគំនូរឧស្សាហកម្មកើតឡើង នៅពេលដែលគំនូរឧស្សាហកម្មដែលបានចុះបញ្ជី ត្រូវបានធ្វើអាជីវកម្មដោយបុគ្គលដ៏ទៃ និង ដោយគ្មានការព្រមព្រៀងពីម្ចាស់ដែលបានទទួលសិទិ្ធការពារ។[28]  តាមបណ្តឹងរបស់ម្ចាស់ដែលបានទទួលសិទិ្ធការពារ តុលាការមានសមត្ថកិច្ចត្រូវចេញសេចក្តីសម្រេចបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរំលោភ ឬការរំលោភដែលបម្រុងនឹងកើតឡើង  សម្រេចអោយសងការខូចខាត និងផ្តល់ដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ផ្សេងទៀតជាធរមាន។[29] អ្នកទទួលអាជ្ញាប័ណ្ណ ដែលកិច្ចសន្យាអាជ្ញាប័ណ្ណបានកត់ត្រាចូលក្នុងបញ្ជី ក៏អាចស្នើសុំទៅតុលាការមានសមត្ថកិច្ចដើម្បីដោះស្រាយភ្លាមៗបានដែរ ប្រសិនបើម្ចាស់សិទិ្ធបានបដិសេធ ឬខកខានមិនបានធ្វើតាមសំណើរ។[30]

ទោសព្រហ្មទណ្ឌចំពោះការរំលោភ គឺត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (ប្រហាក់ប្រហែល US$ 1,250) ដល់ ម្ភៃលានរៀល (ប្រហាក់ប្រហែល US$ 5,000) ផ្តន្ទាទោសដាក់ពន្ធនាគារពីមួយ (១)ឆ្នាំ ទៅ ប្រាំ (៥)ឆ្នាំ ឬក៏ត្រូវផ្តន្ទាទោសទាំងពីរ។ ត្រូវផ្តន្ទាទោសទ្វេដង ទោសពិន័យជាប្រាក់ និង/ឬ ទោសដាក់ពន្ធនាគារ ក្នុងករណីដែលការរំលោភបានកើតឡើងក្នុងរយៈពេលប្រាំ (៥) ឆ្នាំ គិតចាប់ពីពេលផ្តន្ទាទោសលើកមុន។[31]

អ្នកដាក់ពាក្យសុំ និងភ្នាក់ងារតំណាងដែលបានផ្តល់ពត៌មានមិនពិតនៅក្នុងសំណុំលិខិតស្នើសុំ និង ឯកសារ ដែលបានដាក់ជូនមន្រ្តីកាន់កាប់បញ្ជី ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និង/ឬ ផ្តន្ទាទោសដាក់ពន្ធនាគារ។[32] 

Footnotes

1 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៨៩

2 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៩០

3 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៩១ & ៩២

4 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៩២

5 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ៩៣

6 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ៧

7 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០១

8 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១៦

9 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៨

10 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ២៧

11 អនុសញ្ញាទីក្រុងប៉ារីស មាត្រា ៤

12 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១១

13 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១១

14 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០៣

15 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១២៤ 

16 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០៥

17 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០៦

18 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០៨

19 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១០៩

20 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៦

21 ប្រកាសស្តីពីនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្ម មាត្រា ១៦

22 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១០

23 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១១

24 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១២

25 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១៣ 

26 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១៤

27 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១១៥

28 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១២៥

29 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១២៦

30 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១២៦

31 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១៣៣

32 ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម មាត្រា ១៣២

ការរំលោភ និង ទោសប្បញ្ញត្តិ
មោឃភាព 

បុគ្គលដែលមានការពាក់ព័ន្ធ អាចស្នើសុំទៅតុលាការមានសមត្ថកិច្ចអោយមោឃភាពនូវការចុះបញ្ជីគំនូរឧស្សាហកម្មបាន។[22]  ការស្នើសុំមោឃភាពនឹងត្រូវបានផ្តល់ ប្រសិនបើបុគ្គលដែលស្នើសុំនោះបង្ហាញភស្តុតាងថាកម្មវត្ថុនៃការចុះបញ្ជីគំនូរឧស្សាហកម្មនោះមានភាពមិនត្រឹមត្រូវ ដូចជានិយមន័យនៃច្បាប់មិនត្រូវបានបំពេញ គំនូរឧស្សាហកម្មនោះមិនមានភាពថ្មី  អ្នកសុំចុះបញ្ជីមិនមែនជាអ្នកបង្កើតស្នាដៃ ឬមិនមែនជាអ្នកស្នងរបស់អ្នកបង្កើតស្នាដៃ ឬគំនូរឧស្សាហកម្មនោះផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬហាមឃាត់ដោយច្បាប់។[23]   គំនូរឧស្សាហកម្មដែលចាត់ទុកជាមោឃៈ និងអស់សុពលភាព ត្រូវគិតចាប់ពីថ្ងៃដែលបានចុះបញ្ជីមក។[24]  តុលាការ មានសមត្ថកិច្ចត្រូវជូនដំណឹងដល់នាយកដ្ឋានកម្មសិទិ្ធឧស្សាហ៍កម្មសម្រាប់ការកត់ត្រា និងការបោះពុម្ពផ្សាយ។[25]