logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

ច្បាប់ សិទិ្ធអ្នកនិពន្ធនៅកម្ពុជា

ច្បាប់ស្តីពីសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល ផ្តល់ជូនដល់អ្នកនិពន្ធស្នាដៃដើម នូវសិទិ្ធផ្តាច់មុខ លើសិទិ្ធបេតិកភណ្ឌ(សិទិ្ធសេដ្ឋកិច្ច) និងសិទិ្ធសីលធម៌។ អ្នកនិពន្ធត្រូវបានធានាក្នុងការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ជាតិ ដូចដែលមានចែងក្នុងមាត្រា១។ ច្បាប់ស្តីពី សិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល បានអនុម័តនៅក្នុងឆ្នាំ២០០៣ ដែលជាផ្នែកមួយរបស់ប្រទេសកម្ពុជា ក្នុងការចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។ ការតម្កល់ស្នាដៃដើមធ្វើឡើងដោយស្ម័គ្រចិត្តនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។   

 

សេចក្តីផ្តើម  

រាល់ស្នាដៃទាំងអស់ ត្រូវទទួលបានកិច្ចការពារពីច្បាប់ដោយស្វ័យប្រវត្តិ  ទោះបីជាច្បាប់មិនតម្រូវ តែអ្នកនិពន្ធ ឬម្ចាស់សិទិ្ធក៏អាចធ្វើការតម្កល់ទុកស្នាដៃរបស់ខ្លួននៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានដែរ។1 ទោះបីស្នាដៃមួយពុំទាន់ចប់សព្វគ្រប់ក្តី ឬពុំទាន់បានផ្សព្វផ្សាយជាសាធារណៈក្តី ក៏ស្នាដៃទាំងនោះត្រូវចាត់ទុកថាបានបង្កើតឡើងនៅពេលដែលគំនិតរបស់អ្នកនិពន្ធត្រូវគេបានដឹង។2 ស្នាដៃត្រូវតែជា "ស្នាដៃដើម" មានន័យថាជាស្នាដៃដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធ។3 ​ 

ការតម្កល់ស្នាដៃនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តម្រូវអោយផ្តល់ឈ្មោះពិតប្រាកដរបស់អ្នកនិពន្ធ កាលបរិច្ឆេទនៃការបង្កើតស្នាដៃ និងការផ្សព្វផ្សាយជាលើកដំបូង ព្រមទាំងចុះពីសិទិ្ធរបស់អ្នកនិពន្ធ។4   មន្ត្រីកាន់កាប់បញ្ជីនឹងចេញវិញ្ញាបនប័ត្រចុះបញ្ជី នៅពេលព័ត៌មានលំអិត និងកម្រៃសេវាត្រូវបានទទួល។5  

ខណៈដែលមាត្រា៣ ចែងអំពីសញ្ជាតិ ទីលំនៅ  និងលក្ខខណ្ឌនៃការបោះពុម្ពផ្សាយ សំរាប់ទទួលបានការការពារ មាត្រាដដែលក៏បានចែងអំពីស្នាដៃ ដែលព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចការពារក្រោម     សន្ធិសញ្ញាអន្តរជាតិដែរ។6 ស្ថិតនៅក្រោមសន្ធិសញ្ញាអន្តរជាតិផ្សេងៗទៀត ដែលប្រទេសកម្ពុជាជាសមាជិក ស្នាដៃដែលបានបង្កើត និងបានបោះពុម្ពផ្សាយនៅជុំវិញពិភពលោក ជាទូទៅត្រូវបានទទួលការការពារ លើកលែងតែក្នុងករណីមួយចំនួន។

ការទទួលបានការការពារ

"ស្នាដៃ" គឺជាផលិតផលខាងវិស័យអក្សរសាស្រ្ត  វិទ្យាសាស្រ្ត សិល្បៈ  ឬតូរ្យតន្រ្តី ដែលកើតចេញពីការច្នៃប្រឌិត បង្កើតឡើងដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា។7 មានស្នាដៃធំៗចំនួន១៣ (ដប់បី) ប្រភេទ ដែលត្រូវបានការពារពីច្បាប់៖8  

  • សៀវភៅអានគ្រប់ប្រភេទ ឬឯកសារផ្សេងៗទៀត ស្តីពីអក្សរសាស្ត្រ សិស្បៈ វិទ្យាសាស្រ្ត និង ការអប់រំ។ 

  • អត្ថបទបាឋកថា សង្កថា ធម្មទេសនា ការការពារខ្លួនដោយនិយាយ ឬដោយសរសេរ និងស្នាដៃផ្សេងៗទៀតដែលមានប្រភេទដូចគ្នា។ 

  • ស្នាដៃនាដកម្ម ឬនាដកម្ម ­ តូរ្យតន្រ្តី 

  • ស្នាដៃរបាំសម័យ  ឬយកលំនាំតាមស្នាដៃបុរាណ  ឬប្រពៃណី 

  • ការសម្តែងសៀក  និងការសម្តែងកាយវិការ  

  • ការតែងបទភ្លេងដោយមាន  ឬគ្មានទំនុកច្រៀង 

  • ស្នាដៃសោតទស្សន៍ 

  • ស្នាដៃជាផ្ទាំងគំនូរ  ផ្ទាំងចម្លាក់  រូបចម្លាក់  ឬស្នាដៃផ្សេងៗទៀតខាងសិល្បៈសូនរូប  ឬសិល្បៈអនុវត្ត 

  • ស្នាដៃថតរូប និងស្នាដៃទាំងឡាយដែលសម្រេចបានដោយសារមានជំនួយបច្ចេកទេសដូចគ្នានឹងការ  ថតរូប 

  • ស្នាដៃស្ថាបត្យកម្ម 

  • ផែនទី ប្លង់ គំនូសវាស ឬស្នាដៃស្តែងចេញជារូបដែលទាក់ទងនឹងភូមិសាស្រ្ត ឋានលេខា ឬវិទ្យាសាស្រ្តនានា  

  • កម្មវិធីកុំព្យូទ័រ និងគម្រោងឯកសារសមោធានដែលទាក់ទងទៅនឹងកម្មវិធីទាំងនោះ 

  • ផលិតផលផ្នែកសិប្បកម្ម  តម្បាញ  ឬម៉ូតសម្លៀកបំពាក់ផ្សេងៗ  

ស្នាដៃដែលមិនទទួលបាននូវការការពារ មានដូចជាៈ9  

  • រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជាក្រឹត្យ  អនុក្រឹត្យនិងលិខិតបទដ្ឋានផ្លូវការនានា  និងអត្ថបទបកប្រែ 

  • ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ និង  អត្ថបទបកប្រែ 

  • សេចក្តីសម្រេច  សាលក្រមឬសាលដីកាផ្សេងៗរបស់តុលាការ   និងអត្ថបទបកប្រែ 

  • គំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៍ ការរុករកឃើញឬទិន្នន័យសាមញ្ញ  ទោះបីត្រូវបាន ផ្សព្វផ្សាយ អត្ថាធិប្បាយ ពន្យល់ឬមានក្នុងស្នាដៃណាមួយក៏ដោយ។   

ប្រភេទស្នាដៃដែលទទួលបានការការពារ
អ្នកនិពន្ធ

រូបវន្តបុគ្គល ឬនីតិបុគ្គល ដែលបានបង្កើតស្នាដៃ និងបានផ្សព្វផ្សាយជាសាធារណៈក្នុងនាមសាមីខ្លួន ត្រូវចាត់ទុកថាជាអ្នកនិពន្ធ។10 អ្នកនិពន្ធស្នាដៃ គឺជាអ្នកមានសិទិ្ធដំបូងគេបង្អស់លើសិទិ្ធសីលធម៌ និង សិទិ្ធបេតិកភណ្ឌ (សិទិ្ធសេដ្ឋកិច្ច) បន្ទាប់ពីស្នាដៃនោះត្រូវបានបង្កើតឡើង។11 ក្នុងករណីដែលអ្នកនិពន្ធជានិយោជិក ហើយបានបង្កើតស្នាដៃដែលជាផ្នែកមួយនៃការងាររបស់ខ្លួន សិទិ្ធបេតិកភណ្ឌលើស្នាដៃនោះត្រូវចាត់ទុកថាបានផ្ទេរជូននិយោជកដោយស្វ័យប្រវត្តិ លើកលែងតែមានចែងផ្សេងក្នុងកិច្ចសន្យាការងារនោះ។12 និយោជិកនៅតែត្រូវបានគេចាត់ទុកជាអ្នកនិពន្ធដំបូង  និងទទួលបាននូវសិទិ្ធសីលធម៌លើស្នាដៃនោះ។  

នៅពេលដែលមានបុគ្គលពីរនាក់ ឬច្រើននាក់ចូលរួមគ្នាបង្កើតស្នាដៃ អ្នកទាំងនោះត្រូវចាត់ទុកថាជាសហអ្នកនិពន្ធលើស្នាដៃសហការ។13 ការប្រើប្រាស់សិទិ្ធរបស់សហអ្នកនិពន្ធត្រូវមានការឯកភាពជាឯកច្ឆន្ទ និងជាលាយលក្ខណ៍អក្សរ។14 ឧទាហរណ៍ នៅពេលដែលមានការផ្តល់អាជ្ញាប័ណ្ណលើស្នាដៃសហការ សហអ្នកនិពន្ធទាំងអស់ត្រូវតែចុះហត្ថលេខាលើកិច្ចសន្យាអាជ្ញាប័ណ្ណនោះ។ ក្នុងករណីដែលមិនឯកភាពគ្នាត្រូវធ្វើពាក្យប្តឹងទៅតុលាការ។15 សម្រាប់ស្នាដៃសោតទស្សន៍ (ខែ្សភាពយន្ត) អ្នកនិពន្ធខាងក្រោមត្រូវចាត់ទុកថាជាសហអ្នកនិពន្ធៈ16  

  • សមិទិ្ធករ 

  • អ្នកនិពន្ធសេណារីយ៉ូ 

  • អ្នកនិពន្ធដោយយកលំនាំតាម 

  • អ្នកនិពន្ធអត្ថបទនិយាយ 

  • អ្នកនិពន្ធបទភ្លេងមាន ឬគ្មានទំនុកច្រៀងដែលជាបទភ្លេងត្រូវបានបង្កើតឡើងជាពិសេសសម្រាប់តែប្រយោជន៍ស្នាដៃនោះ 

  • អ្នកនិពន្ធសិល្បៈគំនូរសម្រាប់ស្នាដៃគំនូរជីវចល។  

សិទិ្ធអ្នកនិពន្ធត្រូវបានបែងចែកជាពីរប្រភេទ គឺសិទិ្ធសីលធម៌ និងសិទិ្ធបេតិកភណ្ឌ (សិទិ្ធសេដ្ឋកិច្ច) ហើយបុគ្គលគ្រប់រូបត្រូវតែទទួលស្គាល់។17  សិទិ្ធសីលធម៌មានដូចជាៈ18  

  • សិទិ្ធផ្តាច់មុខក្នុងការសម្រេចពីរបៀប និងពេលវេលានៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួន ជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ 

  • កំណត់អោយគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួន សម្រាប់ទាក់ទងជាមួយសាធារណជន 

  • សិទិ្ធជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែប្រែខ្លឹមសារ ជាហេតុធ្វើអោយខូចកិតិ្តយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។   

សិទិ្ធសីលធម៌ទាំងបីនេះ គឺជាសិទិ្ធអចិន្រ្តៃយ៍ មិនអាចលក់ដូរ មិនអាចរឹបអូស និងមិនអាចផុតអាជ្ញាយុកាល មានន័យថា សិទិ្ធទាំងអស់នេះគឺនៅស្ថិតស្ថេរជារៀងរហូត មិនអាចលក់ ឬរឹបអូសឡើយ ប៉ុន្តែអាចត្រូវបានផ្ទេរ ឬ  ដកហូត។  សិទិ្ធសីលធម៌ត្រូវបានផ្ទេរទៅអោយទាយាទរបស់អ្នកនិពន្ធ ក្រោយពីអ្នកនិពន្ធទទួលមរណភាព។  

 

សិទិ្ធបេតិកភណ្ឌ (សិទិ្ធសេដ្ឋកិច្ច) គឺជាសិទិ្ធផ្តាច់មុខក្នុងការប្រកបអាជីវកម្មរបស់អ្នកនិពន្ធ តាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ  និងការបង្កើតស្នាដៃបន្ត  ជាពិសេសដូចជាៈ19   

  • ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន 

  • ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ 

  • ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃសោតទស្សន៍ ឬស្នាដៃថតបញ្ចូលជាហ្វូណូក្រាម កម្មវិធីកុំព្យូទ័រ   ប្រព័ន្ធទិន្នន័យ   ឬស្នាដៃតូរ្យតន្រ្តីជាអក្សរភ្លេង 

  • ការចែកចាយជាសាធារណៈតាមការលក់ ការជួល ឬតាមមធ្យោបាយផ្សេងទៀតនូវច្បាប់់ដើម ឬច្បាប់ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទិ្ធ 

  • ការនាំចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃរបស់សាមីខ្លួនដែលជាអ្នកនិពន្ធ 

  • ការផលិតស្នាដៃឡើងវិញ 

  • ការសម្តែងស្នាដៃជាសាធារណៈ 

  • ការបង្ហាញស្នាដៃជាសាធារណៈ 

  • ការផ្សាយស្នាដៃតាមទូរផ្សាយ 

  • ការផ្សព្វផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត 

សិទិ្ធអ្នកនិពន្ធ

ការនាំចូល និងការចម្លងនូវស្នាដៃដែលបានទទួលការពារពីច្បាប់ សំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួនត្រូវបានអនុញ្ញាត។20  អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់ចំពោះ ៖21    

  • ការសម្តែងស្នាដៃជាឯកជនដោយមិនគិតកម្រៃ  ជាការសម្តែងក្នុងរង្វង់គ្រួសារ  ឬញាតិមិត្ត 

  • ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកអោយបានគង់វង្ស ឬដើម្បីទុក សម្រាប់ធ្វើការស្រាវជ្រាវ 

  • ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្មានរកប្រាក់កម្រៃ 

  • ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជាភាសាខ្មែរ 

  • ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្រ្គាមប៉ាកកា គរុកោសល្យ វិទ្យាសាស្រ្ត ឬព័ត៌មានស្តីពីស្នាដៃនោះ  ដោយមានបញ្ជាក់ពីប្រភពច្បាស់លាស់     

  • ការផ្សាយទស្សនៈសារព័ត៌មាន ដោយមានបញ្ជាក់ពីប្រភពច្បាស់លាស់   

  • ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុកដោយផ្អែកតាមលំនាំដើមនៃស្នាដៃ ដោយមានបញ្ជាក់ពីប្រភពច្បាស់លាស់   

  • ការចម្លងរូបភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូនរូបដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចម្លងបន្ត ដោយមានបញ្ជាក់ពីប្រភពច្បាស់លាស់   

ស្នាដៃដែលបង្កើតឡើងស្តីពីជីវិតពិតរបស់បុគ្គល ឬគ្រួសារជាក់លាក់ណាមួយ ត្រូវមានការអនុញ្ញាតពីបុគ្គលសាមី ឬអ្នកដែលបានទទួលមរតកសាសន៍នោះ។22 

ការកម្រិតសិទិ្ធអ្នកនិពន្ធ

សិទិ្ធបេតិកភណ្ឌ ត្រូវបានការពារចាប់តាំងពីថ្ងៃដែលស្នាដៃត្រូវបានបង្កើត និងត្រូវបញ្ចប់ទៅវិញក្នុងរយៈ ពេល ៥០ឆ្នាំ ក្រោយពីការទទួលមរណភាពរបស់អ្នកនិពន្ធ។23 ចំពោះស្នាដៃសហការ សិទិ្ធបេតិកភណ្ឌត្រូវបញ្ចប់ទៅវិញក្នុងរយពេលៈ ៥០ឆ្នាំ ក្រោយពីការទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយ។24 នៅពេលដែលស្នាដៃត្រូវបានបោះពុម្ពផ្សាយជាអានាមិក ឬក្រោមឈ្មោះផ្សេង រយៈពេលការពារគឺ ៧៥ឆ្នាំ ក្រោយពីស្នាដៃនោះត្រូវបានបោះពុម្ពផ្សាយជាលើកដំបូង។25   

 

 

រយៈពេលនៃសិទិ្ធបេតិកភណ្ឌ

កិច្ចសន្យាទាំងឡាយ អំពីការធ្វើអាជីវកម្មសិទិ្ធបេតិកភណ្ឌ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរជាក់លាក់ បើមិនដូចច្នោះទេ កិច្ចសន្យានោះនឹងត្រូវចាត់ទុកជាមោឃៈ។26 រាល់សិទិ្ធបេតិកភណ្ឌអាចត្រូវបានផ្ទេរជាលក្ខណៈបុគ្គល ឬសមូហភាព តែការផ្ទេរសិទិ្ធបេតិកភណ្ឌជាលក្ខណៈបុគ្គលមិនបណ្តាលអោយ ឬតម្រូវអោយមានការផ្ទេរសិទិ្ធបេតិកភណ្ឌរបស់បុគ្គលផ្សេងទៀតឡើយ។27 សិទិ្ធបេតិកភណ្ឌ អាចត្រូវបានផ្ទេរទៅអោយទាយាទរបស់អ្នកនិពន្ធ ឬភាគីទីបីណាមួយដោយឆន្ទៈរបស់អ្នកនិពន្ធ។28 នៅពេលដែលគ្មានទាយាទ ឬក៏ទាយាទមិនត្រូវបានបង្ហាញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវទទួលខុសត្រូវលើការគ្រប់គ្រងសិទិ្ធបេតិកភណ្ឌនេះ។29      

 

ការផ្ទេរ និងការធ្វើអាជីវកម្មលើសិទិ្ធបេតិកភណ្ឌ

បុគ្គលណាដែលបានទទួលរង ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួន អាចប្តឹងទៅតុលាការដើម្បីៈ30 

  • ធ្វើការហាមឃាត់កុំអោយប៉ះពាល់ដល់សិទិ្ធរបស់ខ្លួន ប្រសិនបើការប៉ះពាល់នោះអាចនឹងកើតឡើង 

  • បង្គាប់អោយឈប់ធ្វើការប៉ះពាល់ដល់សិទិ្ធរបស់ខ្លួន ប្រសិនបើការប៉ះពាល់នោះនៅតែបន្ត 

លើសពីនេះ ដើមបណ្តឹងក៏មានសិទិ្ធទទួលបានការសងជម្ងឺចិត្ត ការសងការខូចខាត និងការប្រគល់មកវិញនូវវត្ថុតាង មានឧបករណ៍ ឬសម្ភារៈដែលជាប់រឿងហេតុ ព្រមទាំងការប្រគល់នូវប្រាក់ចំណេញដែលបានមកពីការរំលោភបំពាននោះ។31   

បន្ថែមលើការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ច្បាប់ក៏បានដាក់ទោសព្រហ្មទណ្ឌដល់សកម្មភាព​រំលោភបំពានលើសិទិ្ធរបស់អ្នកនិពន្ធផងដែរ។ ការរំលោភបំពានលើការផលិត ការផលិតឡើងវិញ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាពីប្រាំមួយ (៦) ខែ ដល់ដប់ពីរ (១២) ខែ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំ (៥) លានរៀល ទៅម្ភៃប្រាំ (២៥) លានរៀល (ប្រហែល ១.២៥០ដុលាអាមេរិក ទៅ៦.២៥០ ដុលាអាមេរិក) (ត្រូវផ្តន្ទាទោសទេ្វដង ក្នុងករណីមិនរាងចាល)។ 

វិវាទ និងទោសប្បញ្ញតិ្ត 

មាត្រា ៣៨ 

2 មាត្រា ៥ 

3 មាត្រា ៤

4 មាត្រា ៣៩

5 មាត្រា ៤០

6 មាត្រា ៣

7 មាត្រា ២

8 មាត្រា ៧

9 មាត្រា ១០

10 មាត្រា ១១

11 មាត្រា ១៦

12 មាត្រា ១៦

13 មាត្រា ១២

14 មាត្រា ១២ 

15 មាត្រា ១២

16 មាត្រា ១៥

17 មាត្រា ១៨

18 មាត្រា ២០

19 មាត្រា ២១

20 មាត្រា ២៣ និង២៤  

21 មាត្រា ២៥ និង២៩

22 មាត្រា ២៦

23 មាត្រា ៣០ 

24 មាត្រា ៣០ 

25 មាត្រា ៣១

26 មាត្រា ៣៤

27 មាត្រា ៣២

28 មាត្រា ៣៣

29 មាត្រា ៣៣ 

30 មាត្រា ៥៧

31 មាត្រា ៥៧ 

Footnotes