logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

ច្បាប់ ម៉ាកនៅកម្ពុជា

សិទិ្ធកម្មសិទិ្ធបញ្ញាបានចាប់ផ្តើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីទសវត្សរ៍ ទី៦០ និង៧០ មកម្ល៉េះ[1]  ហើយម៉ាកមួយចំនួនក៏បានទទួលកិច្ចការពារនៅអំឡុងពេលនោះដែរ ដូចជា ម៉ាក "PERTUSSIN" និង "RIBENA" សម្រាប់ផលិតផលឱសថជាដើម។ ជាអកុសល ក្រោយទសវត្សរ៍ទី ៧០ មក ប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិល ដែលធ្វើអោយប្រព័ន្ធច្បាប់ និងកម្មសិទិ្ធលើទ្រព្យសម្បត្តិត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

 

ឆ្នាំ១៩៩១ ការិយាល័យពាណិជ្ជសញ្ញា និងទំនាក់ទំនងក្រៅប្រទេស ត្រូវបានបង្កើតឡើងដោយយសិ្ថតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសបានចាប់ផ្តើមទទួល និងធ្វើការចុះបញ្ជីម៉ាកអន្តរ ជាតិបានជាច្រើន។ នាពេលនោះ ពាក្យស្នើសុំចុះបញ្ជីម៉ាកបរទេសត្រូវបានទទួល និងចុះបញ្ជីដោយការិយាល័យ ពាណិជ្ជសញ្ញានៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេស ក្រសួងពាណិជ្ជកម្ម ហើយពាក្យស្នើសុំចុះបញ្ជីម៉ាកក្នុងស្រុកវិញត្រូវបានទទួល និងចុះបញ្ជីដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ពីព្រោះយើងមិនទាន់មានច្បាប់ និងបទបញ្ញត្តិគ្រប់គ្រាន់ក្នុងការអនុវត្ត។   

 

ឆ្នាំ១៩៩៧ ដើម្បីជំនួសរចនាសម្ព័ន្ធពីមុន នាយកដ្ឋានកម្មសិទិ្ធបញ្ញា ត្រូវបានបង្កើតឡើងដោយសិ្ថតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងពាណិជ្ជកម្ម។ ពីរឆ្នាំក្រោយមក គណៈកម្មាធិការគ្រប់គ្រងផ្នែកទាំងបីនៃកម្មសិទិ្ធបញ្ញាក៏បានបង្កើតដើម្បីរៀបចំច្បាប់ និងបទបញ្ញត្តិនានាក្នុងការចូលជាសមា ជិកនៃអង្គការពាណិជ្ជកម្មពិភពលោក។  

 

បន្ទាប់មក ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវបានប្រកាសអោយប្រើនៅថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០០២ និង អនុក្រឹតស្តីពីការអនុវត្តច្បាប់នេះនៅក្នុងឆ្នាំ២០០៦។  

 

 

 

 

ប្រវត្តិសង្ខេប

"ម៉ាក" នៅក្នុងន័យច្បាប់ស្តីពីម៉ាក គឺជាសញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។[2]  សញ្ញាអាចមានលក្ខណៈជា ពាក្យ អក្សរ ឈ្មោះ លេខ រូបសញ្ញា (ឡូហ្គោ)   និមិត្តសញ្ញា  ស្លាកសញ្ញា  ហត្ថលេខា  ពាក្យស្លោក ​ពណ៌ (បង្គុំនៃពណ៌)  រូបរាង  សញ្ញាដែលមើលឆ្លុះបីជ្រុង (Three-Dimensional) និង សញ្ញាដែលមានពន្លឺ (holograms)។

 

ម៉ាកសមូហភាព គឺជាម៉ាកដែលគ្រប់គ្រងដោយអង្គការ ហើយសមាជិកទាំងអស់របស់អង្គការនោះអាចប្រើប្រាស់ម៉ាកសមូហភាព ដើម្បីសំគាល់នូវគុណភាពនៃទំនិញ ឬប្រភពដើមនៃទំនិញ ឬសំគាល់នូវចរិតលក្ខណៈ រួមដទៃទៀត។ "ម៉ាកសមូហភាព" អាចមានលក្ខណៈជា សញ្ញាដែលមើលឃើញ ហើយអាចសំគាល់លក្ខណៈខុសគ្នានៃប្រភពដើមនៃទំនិញ ឬចរិតលក្ខណៈរួមដទៃទៀត គិតទាំងគុណភាពនៃទំនិញ ឬសេវារបស់សហគ្រាសផ្សេងៗគ្នា ដែលសញ្ញានោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ម្ចាស់ម៉ាកសមូហភាពដែលបានចុះបញ្ជី។[3]

 

ពាណិជ្ជនាម គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះនិងជាសញ្ញាសំគាល់សំរាប់បញ្ជាក់ និងសំគាល់ លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។[4] ដោយមានគោលគំនិតដូចម៉ាក នាម ឬសញ្ញាសំគាល់មិនត្រូវបានការការពារឡើយ ប្រសិនបើនាម ឬសញ្ញានោះប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ

ឬសីលធម៌ ឬបំភ័ន្តដល់មជ្ឈដ្ឋានពាណិជ្ជកម្ម  ឬសាធារណជនអំពីប្រភេទនៃសហគ្រាសដែលកំណត់ដោយនាម ឬសញ្ញានោះ។[5]   

    

និយមន័យម៉ាក  

ម៉ាកទាំងអស់ត្រូវបានធ្វើឡើង និងចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម។ ពាក្យស្នើសុំចុះបញ្ជីម៉ាកមួយ ដែលមានច្រើនជំពូកក៏ត្រូវបានទទួលផងដែរ ប៉ុន្តែកម្រៃសេវាសាធារណៈក្នុងការដាក់ពាក្យស្នើសុំត្រូវបង់សម្រាប់ជំពូកនីមួយៗ។ ពាក្យស្នើសុំចុះបញ្ជីម៉ាកបរទេសត្រូវតំណាងដោយភ្នាក់ងារស្របច្បាប់នៃម្ចាស់ម៉ាកដែលមានទីលំនៅ និងកំពុងប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។[6]

 

ភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកក្នុងប្រទេសកម្ពុជា ត្រូវបានចាត់តាំងដោយម្ចាស់ម៉ាក ដើម្បីធ្វើការដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជសញ្ញា ឬសេវាសញ្ញានៅក្នុងប្រទេសកម្ពុជា។ លិខិតប្រគល់សិទិ្ធត្រូវតែមានបញ្ជាក់ភាពស្របច្បាប់ដោយសាការីសាធារណៈ ឬមេធាវី។ លិខិតប្រគល់សិទិ្ធចាត់តាំងភ្នាក់ងារនោះអាចភ្ជាប់ជា មួយនឹងពាក្យស្នើសុំចុះបញ្ជី  ឬប្រគល់ក្នុងរយៈពេល ០២ (ពីរ) ខែ គិតចាប់ពីការបរិច្ឆេទនៃការដាក់ពាក្យ។[7]

 

ប្រទេសកម្ពុជា អនុវត្តចំណាត់ថ្នាក់អន្តរជាតិនៃទំនិញនិងសេវា (Nice Classification) និងចំណាត់ថ្នាក់នៃធាតុជារូបភាពនៃម៉ាក (Vienna Classification)  សម្រាប់បំណងចុះបញ្ជីម៉ាក ទោះបីជាប្រទេសកម្ពុជាមិនមែនជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងនីស (Nice Agreement) និង កិច្ចព្រមព្រៀងទីក្រុងវីយែន (Vienna Agreement) ក៏ដោយ។ ទំនិញ ឬសេវាដែលស្ថិតនៅជំពូកដើម (Class Headings) មិនត្រូវបានទទួលចុះបញ្ជីឡើយ។  ម៉ាកជារូបសញ្ញា ឬបញ្ចូលជាមួយរូបសញ្ញា​ ឬជាអក្សរក្រៅពីភាសាអង់គ្លេស ឬបញ្ចូលជាមួយអក្សរក្រៅពីភាសាអង់គ្លេស រូបសញ្ញាទាំងនោះត្រូវធ្វើការពិពណ៌នាដោយប្រើចំណាត់ថ្នាក់នៃធាតុជារូបភាពនៃម៉ាក (Vienna Classification) ហើយអក្សរក្រៅពីភាសាអង់គ្លេសទាំងនោះត្រូវផ្តល់នូវសម្លេងអាន និងការបកប្រែអត្ថន័យរបស់វា។  

 

ពាក្យស្នើសុំចុះបញ្ជីម៉ាក ដែលទាមទារនៃកាលបរិច្ឆេទអាទិភាពក្រោមអនុសញ្ញាទីក្រុងប៉ារីស (Paris Convention) ត្រូវធ្វើឡើងក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកលើកដំបូង។ ពាក្យស្នើសុំចុះបញ្ជីម៉ាកនោះត្រូវមានបញ្ជាក់អំពីឈ្មោះការិយាល័យ កាលបរិច្ឆេទ លេខដាក់ពាក្យ និងឈ្មោះប្រទេស ដែលពាក្យស្នើសុំនោះបានដាក់លើកដំបូង។ ច្បាប់ចម្លងនៃពាក្យស្នើសុំចុះបញ្ជីម៉ាកលើកដំបូងដែលមានបញ្ជាក់ថាត្រឹមត្រូវ ត្រូវដាក់ជូនមន្រ្តីកាន់កាប់បញ្ជីក្នុងរយៈពេល ០៣ (បី) ខែ គិតចាប់ពីកាលបរិច្ឆេទនៃការទាមទាររបស់មន្រ្តីកាន់កាប់បញ្ជី។[8]

 

លក្ខខ័ណ្ឌអប្បបរមាក្នុងការដាក់ពាក្យចុះបញ្ជីម៉ាកមានដូចជា៖[9]

  • ឈ្មោះរបស់អ្នកដាក់ពាក្យស្នើសុំ

  • អាសយដ្ឋានរបស់អ្នកដាក់ពាក្យស្នើសុំ

  • គំនូរម៉ាកចំនួន ១៥ (ដប់ប្រាំ) សំរាប់ជំពូកនីមួយៗ

  • ចំណាត់ថ្នាក់អន្តរជាតិ (ជំពូក) និង យថាប្រភេទរបស់ទំនិញ ឬសេវា

  • កម្រៃសេវាសាធារណៈសម្រាប់ជំពូកនីមួយៗ

 

ជាមួយព័ត៌មានខាងលើ មន្រ្តីកាន់កាប់បញ្ជីនឹងចេញលិខិតទទួលស្គាល់ការដាក់ពាក្យ ជូនដល់អ្នកដាក់ពាក្យស្នើសុំ ហើយបោះពុម្ពផ្សាយព័ត៌មានទាំងនោះតាមប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា និងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក។ ព័ត៌មាន និងឯកសារបន្ថែមទៀតត្រូវដាក់ជូនមន្រ្តីកាន់កាប់បញ្ជីនៅពេលក្រោយ។   ជាធម្មតា ការចុះបញ្ជីម៉ាកនៅប្រទេសកម្ពុជាត្រូវចំណាយរយៈពេលពី ០៦ (ប្រាំមួយ) ខែ ទៅ ០៩ (ប្រាំបួន) ខែ ប៉ុន្តែក៏អាចយូរជាងនេះ ដែលកើតឡើងមកពីអ្នកដាក់ពាក្យស្នើសុំ និងមន្រ្តីកាន់កាប់បញ្ជីទាក់ទងនិងចរិកលក្ខណៈរបស់ម៉ាកដែលបានស្នើសុំ។ ក្រសួងពាណិជ្ជកម្មនឹងចេញវិញ្ញាបនបត្រចុះបញ្ជីម៉ាកនៅពេលណាដែលពាក្យស្នើសុំត្រូវបានចាត់ទុកថាត្រឹមត្រូវតាមច្បាប់ស្តីពីម៉ាក។  

 

កម្ពុជាបានក្លាយជាសមាជិកនៃប្រព័ន្ធទីក្រុងម៉ាឌ្រីដ (Madrid System) សម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ​នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។ ប្រព័ន្ធទីក្រុងម៉ាឌ្រីដនេះជួយសម្រួលក្នុងការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកនៅក្នុងប្រទេសជាច្រើន។ ម្ចាស់ម៉ាកអាចដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកជាលក្ខណៈអន្តរជាតិជាមួយនឹងការិយាល័យ កម្មសិទិ្ធបញ្ញានៅក្នុងប្រទេសរបស់ខ្លួន ឬនៅក្នុងតំបន់របស់ខ្លួន ដោយគ្រាន់តែជ្រើសរើសប្រទេសដែលអ្នកចង់ធ្វើការ

ចុះបញ្ជី ជាជាងការដាក់ពាក្យស្នើសុំចុះបញ្ជីនៅក្នុងប្រទេសនីមួយៗ។ ប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិនេះពិតជាមានភាពងាយស្រួស និងបានកាត់បន្ថយចំណាយក្នុងការចុះបញ្ជី ដោយសាតែមានប្រទេសចំនួន ១១០ (មួយរយដប់) ជាសមាជិកនៃប្រព័ន្ធទីក្រុងម៉ាឌ្រីដនេះ។   

 

 

 

 

បែបបទនៃការដាក់ពាក្យ
ការហាមឃាត់ក្នុងការចុះបញ្ជី

ម៉ាកដែលមិនអាចចុះបញ្ជីបានមានដូចតទៅ៖[10]

  • ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវារបស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត

  • ម៉ាកដែលបណ្តាលអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ  សីលធម៌  ឬប្រពៃណីល្អរបស់ជាតិ

  • ម៉ាកដែលអាចនាំអោយសាធារណជន ឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្រ្តនៃទំនិញ  ឬសេវាពាក់ព័ន្ធ  ឬធាតុដើម  ឬលក្ខណៈខាងក្រៅរបស់ទំនិញ  ឬសេវានោះ    

  • ម៉ាកដែលដូចគ្នា និង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋនោះ ឬអង្គការនោះ

  • ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីក្នុង ព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះសម្រាប់ទំនិញ ឬ   សេវាដូចគ្នា  ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត

  • ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំអោយច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះធ្វើអោយខូចប្រយោជន៍របស់ម្ចាស់នៃម៉ាកល្បី

  • ម៉ាកដែលដូចគ្នា ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទិ្ធរបស់ម្ចាស់ផ្សេង ដែលបានចុះ បញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុននៅឯបរទេស ចំពោះ ទំនិញឬសេវាដូចគ្នា ឬទំនិញឬសេវាដែលពាក់ព័ន្ធយ៉ាងជិតស្និទិ្ធ។

 

ក្នុងករណីដែលពាក្យស្នើសុំចុះបញ្ជីម៉ាកមិនស្របតាមចំណុចណាមួយខាងលើនេះ នាយកដ្ឋានកម្មសិទិ្ធ បញ្ញានឹងចេញលិខិតបដិសេដជាបឋមក្នុងការចុះបញ្ជីម៉ាកជូនដល់អ្នកស្នើសុំ។ អ្នកដាក់ពាក្យស្នើសុំ ឬតំណាងស្របច្បាប់របស់អ្នកស្នើសុំត្រូវធ្វើការឆ្លើយតបទៅនាយកដ្ឋានកម្មសិទិ្ធបញ្ញាក្នុងរយៈពេល  ៦០ (ហុកសិប)  ថ្ងៃ។ ប្រសិនបើ នាយកដ្ឋានកម្មសិទិ្ធបញ្ញាមិនបានទទួលលិខិតឆ្លើយតបក្នុងរយៈពេលដែលបានផ្តល់ជូនខាងលើ ពាក្យស្នើសុំចុះបញ្ជីម៉ាកត្រូវចាត់ទុកថាបានបោះបង់  និងកម្រៃសេវាសាធារណៈនិងមិនត្រូវបានបង្វិលជូនឡើយ។

 

 

 

 

ដើម្បីរក្សាសុពលភាពនៃការចុះបញ្ជីម៉ាក ឬការចុះបញ្ជីម៉ាកសាឡើងវិញ  ការស្នើសុំបញ្ជាក់អំពីសេចក្តី ប្រកាសប្រើប្រាស់ ឬមិនបានប្រើប្រាស់ម៉ាកត្រូវដាក់ជូននាយដ្ឋានកម្មសិទិ្ធបញ្ញាក្នុងរយៈពេល ០១ (មួយ) ឆ្នាំ បន្ទាប់ពីខួបលើកទី ០៥​ (ប្រាំ) នៃកាលបរិច្ឆេទចុះបញ្ជីម៉ាក ឬកាលបរិច្ឆេទចុះបញ្ជីសាឡើងវិញ ក្នុងករណីម៉ាកនោះត្រូវបានចុះបញ្ជីសាជាថ្មីរួចហើយ។[11]  មន្រ្តីកាន់កាប់បញ្ជីនឹងលុបម៉ាកដែលបានចុះបញ្ជីរួច ក្នុងករណីដែលដែលម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងនៃម្ចាស់ម៉ាកខកខានមិនបានអនុវត្តតាមបទបញ្ញត្តិនេះ។[12]  នៅក្នុងការអនុវត្ត នៅពេលបច្ចុប្បន្ន មន្រ្តីកាន់កាប់បញ្ជីកម្រលុបម៉ាកចេញ

ពីបញ្ជីណាស់ ប៉ុន្តែការខកខានមិនបានប្រកាសអំពីការប្រើប្រាស់ ឬមិនប្រើប្រាស់នេះ អាចជាមូលដ្ឋានមួយសម្រាប់ភាគីទីបីក្នុងការស្នើសុំលុបម៉ាកចេញ

ពីបញ្ជីបាន។

 

វិញ្ញាបនបត្រចុះបញ្ជីម៉ាកមានសុពលភាពរយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់កាលបរិច្ឆេទនៃការទទួល ពាក្យស្នើសុំចុះបញ្ជី និងអាចធ្វើឡើងសាជាថ្មីសម្រាប់រយៈពេល ១០ (ដប់) ឆ្នាំម្តងជាបន្តបន្ទាប់។[13]  ពាក្យស្នើសុំចុះបញ្ជីម៉ាកសាជាថ្មីឡើងវិញ អាចធ្វើឡើងក្នុងរយៈពេល ០៦ (ប្រាំមួយ) ខែ មុនពេលផុតសុពលភាពនៃការចុះបញ្ជី ម៉ាក។[14]  ប្រសិនបើម្ចាស់ម៉ាក ឬភ្នាក់ងារតំណាងនៃម្ចាស់ម៉ាកមិនបានដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសាជាថ្មីក្នុង    រយៈពេល ០៦ (ប្រាំមួយ) ខែ មុនពេលផុតសុពលភាពនៃការចុះបញ្ជីម៉ាកនោះទេ  ពាក្យស្នើសុំនោះអាចធ្វើឡើងក្នុងរយៈ០៦ (ប្រាំមួយ) ខែ នៃពេលអនុគ្រោះជាបន្តទៀត ជាមួយនឹងប្រាក់ពិន័យលើការយឺតយ៉ាវ។

 

រាល់ការផ្លាស់ប្តូរនានាលើពាក្យស្នើសុំចុះបញ្ជីម៉ាក ឬលើវិញ្ញាបនបត្រចុះបញ្ជីម៉ាក ត្រូវធ្វើឡើងជាលាយ លក្ខណ៍អក្សរទៅនាយកដ្ឋានកម្មសិទិ្ធបញ្ញា។ នៅពេលដែលសំណើរសុំផ្លាស់ប្តូរ និងឯកសារគាំទ្រអំពីការផ្លាស់ប្តូរនោះមានភាពត្រឹមត្រូវ មន្រ្តីកាន់កាប់បញ្ជីនឹងកែតម្រូវពាក្យស្នើសុំចុះបញ្ជីម៉ាក ឬកត់ត្រាក្នុងវិញ្ញាបនបត្រចុះបញ្ជីម៉ាក នឹងចេញវិញ្ញាបនបត្រកត់ត្រាអំពីការផ្លាស់ប្តូរនេះជូនអ្នកស្នើសុំ។ ការផ្លាស់ប្តូរនឹងត្រូវបោះពុម្ពផ្សាយនៅក្នុងប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋានកម្មសិទិ្ធបញ្ញា និងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក។ ការផ្លាស់ប្តូរនេះនឹងមិនមានអានុភាពចំពោះភាគីទីបីឡើយ រហូតដល់ការចុះបញ្ជីត្រូវបានធ្វើរួចជាស្ថាពរ។      

 

 

 

 

ការរក្សាសុពលភាពនៃម៉ាក

កិច្ចសន្យាអាជ្ញាប័ណ្ណ និង កិច្ចសន្យាអាជ្ញាប័ណ្ណពិសេសដែលពាក់ព័ន្ធនិងម៉ាកដែលបានចុះបញ្ជីរួចហើយ ឬពាក្យស្នើសុំទទួលស្គាល់កិច្ចសន្យានោះ ត្រូវចុះបញ្ជី នឹងកត់ត្រាដោយនាយកដ្ឋានកម្មសិទិ្ធបញ្ញា។ កិច្ចសន្យាអាជ្ញាប័ណ្ណត្រូវចែងអំពីការត្រួតពិនិត្យដោយមានប្រសិទិ្ធភាពពីសំណាក់អ្នកប្រគល់អាជ្ញាប័ណ្ណ ចំពោះគុណភាពទំនិញ ឬសេវារបស់អ្នកទទួលអាជ្ញាប័ណ្ណ។ ប្រសិនបើកិច្ចសន្យាអាជ្ញាប័ណ្ណមិនបានចែងអំពីការត្រួតពិនិត្យគុណភាពនោះ ឬការត្រួតពិនិត្យគុណភាពនោះមិនត្រូវបានអនុវត្តដោយមានប្រសិទិ្ធភាព កិច្ចសន្យាអាជ្ញាប័ណ្ណនោះនិងត្រូវចាត់ទុកជាមិនបានការ។[15] កិច្ចសន្យាអាជ្ញាប័ណ្ណម៉ាកសមូហភាពមិនត្រូវបានអនុញ្ញាតឡើយ។

 

កិច្ចសន្យាអាជ្ញាប័ណ្ណ និង កិច្ចសន្យាអាជ្ញាប័ណ្ណពិសេសត្រូវចុះបញ្ជី នឹងកត់ត្រាដោយនាយកដ្ឋានកម្ម  សិទិ្ធបញ្ញា។ ខ្លឹមសានៃកិច្ចសន្យានោះនឹងត្រូវរក្សាការសម្ងាត់ ប៉ុន្តែឈ្មោះរបស់ភាគីទាំងពីរ និងព័ត៌មានលំអិតអំពីម៉ាកនឹងត្រូវចុះផ្សាយ។ កិច្ចសន្យាអាជ្ញាប័ណ្ណដែលមិនបានធ្វើការចុះបញ្ជី នឹងកត់ត្រានិងមិនមានអានុភាពចំពោះភាគីទីបីឡើយ។[16] កិច្ចសន្យាអាជ្ញាប័ណ្ណជាភាសាអង់គ្លេស ត្រូវធ្វើការបកប្រែជាភាសាខ្មែរ និងមានបញ្ជាក់ពីភាពត្រឹមត្រូវដោយភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ឬអង្គភាពវិជ្ជាជីវៈបកប្រែដែលទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម។[17]

 

 

 

ការកត់ត្រាកិច្ចសន្យាផ្តល់អាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណពិសេស

នីតិវិធីកត់ត្រា និងទទួលស្គាល់សិទិ្ធផ្តាច់មុខ មានលក្ខណៈស្រដៀងទៅនឹងការកត់ត្រាកិច្ចសន្យាអាជ្ញាប័ណ្ណ និងកិច្ចសន្យាអាជ្ញាប័ណ្ណពិសេស។ អ្នកទទួលប្រយោជន៍ត្រូវតែជានីតិបុគ្គលដែលចុះកិច្ចសន្យា ឬកិច្ចព្រមព្រៀងសិទិ្ធផ្តាច់មុខជាមួយនិងម្ចាស់ម៉ាកដែលបានចុះបញ្ជី។  កិច្ចសន្យា ឬកិច្ចព្រមព្រៀង សិទិ្ធផ្តាច់មុខត្រូវមានបញ្ជាក់ភាពស្របច្បាប់ដោយសាការីសាធារណៈ ឬមេធាវី។  អ្នកទទួលប្រយោជន៍ត្រូវធ្វើសំណើរ និងផ្តល់ឯកសារគាំទ្រជូនដល់នាយកដ្ឋានកម្មសិទិ្ធបញ្ញាដើម្បីកត់ត្រាទទួលស្គាល់សិទិ្ធផ្តាច់មុខនោះ លិខិតទទួលស្គាល់សិទិ្ធផ្តាច់មុខនឹងត្រូវចេញជូនដល់អ្នកទទួលប្រយោជន៍ក្នុងរយៈពេល ៦០ (ហុកសិប) ថ្ងៃ បន្ទាប់ពីឯកសារមានភាពត្រឹមត្រូវ។ ដោយមិនគិតពីរយៈពេលនៅក្នុងកិច្ចសន្យា ឬកិច្ចព្រមព្រៀងសិទិ្ធផ្តាច់មុខ  លិខិតទទួលស្គាល់សិទិ្ធផ្តាច់មុខនឹងមានសុពលភាពរយៈពេល ០២ (ពីរ) ឆ្នាំ ហើយប្រសិទិ្ធភាពក្នុងរយៈពេល ០៣ (បី) ខែ បន្ទាប់ពីកាលបរិច្ឆេទចុះបញ្ជី។ អ្នកទទួលប្រយោជន៍ត្រូវធ្វើការចុះផ្សាយលិខិតទទួលស្គាស់នោះនៅក្នុងកាសែតល្បីក្នុងរយៈពេល ០៣ (បី) ថ្ងៃ  ជាប់ៗគ្នា។    

ការកត់ត្រាសិទិ្ធផ្តាច់មុខ

នាយកដ្ឋានពាណិជ្ជកម្មអាចធ្វើមោឃភាព ឬលុបម៉ាកចេញពីបញ្ជី ប្រសិនបើល័ក្ខខ័ណ្ឌណាមួយនៃមាត្រា ០២,  ០៤, ១០,​ ១៣, ១៤, និង ១៥ នៃច្បាប់ស្តីពីម៉ាកមិនត្រូវបានបំពេញ។  

 

នៅពេលណាក៏បាន ជនណាដែលមានផលប្រយោជន៍ មានសិទិ្ធដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ ក្នុងការធ្វើមោឃភាពម៉ាកដែលបានចុះបញ្ជីមកកាន់នាយកដ្ឋានកម្មសិទិ្ធបញ្ញា ដោយឈរលើមូលដ្ឋានម៉ាកដែលបានចុះបញ្ជីនោះ មិនអាចសំគាល់លក្ខណៈខុសគ្នា ឬប៉ះពាល់ផលប្រយោជន៍សាធារណៈ ដូចដែលបានចែងក្នុងមាត្រា ០២ (ក) និងមាត្រា ០៤ (ក–ឆ) នៃច្បាប់ស្តីពីម៉ាក។[18]  មន្ត្រីកាន់កាប់បញ្ជីនឹងចេញលិខិតជូនដំណឹងដល់ភ្នាក់ងារតំណាងនៃម្ចាស់ម៉ាក ជាមួយមូលដ្ឋានក្នុងការមោឃភាពនេះ។ ម៉ាកដែលបានចុះបញ្ជីនឹងត្រូវមោឃភាព ហើយចុះផ្សាយក្នុងព្រឹត្តិប័ត្រផ្លូវការ ប្រសិនបើអំណះអំណាងជាចម្លើយតបវិញមិនត្រូវបានផ្តល់ ក្នុងរយៈពេល ៤៥ (សែបសិប) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹង។  សេចក្តីសម្រេចរបស់មន្ត្រីកាន់កាប់បញ្ជីអាចជាកម្មវត្ថុនៃការប្តឹងតវ៉ាទៅក្រុមប្រឹក្សាដោះស្រាយបណ្តឹងតវ៉ារបស់ក្រសួងពាណិជ្ជកម្ម ឬប្តឹងទៅតុលាការមានសមត្ថកិច្ចក្នុងរយៈពេល ០៣ (បី) ខែ បន្ទាប់ពីថ្ងៃចេញសេចក្តីសម្រេច។[19]

 

ជនណាដែលមានប្រយោជន៍ មានសិទិ្ធដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរក្នុងការលុបម៉ាកចេញពីបញ្ជី ក្នុងរយៈពេល ០១ (មួយ) ខែ មុនកាលបរិច្ឆេទ ០៥ (ប្រាំ) ឆ្នាំ  ឬក្រោយកាលបរិច្ឆេទនេះ  ដោយឈរលើមូលដ្ឋានម៉ាកដែលបានចុះបញ្ជីរួចនោះមិនត្រូវបានប្រើប្រាស់ដោយម្ចាស់ម៉ាក ឬ អ្នកទទួលអាជ្ញាប័ណ្ណ។ ប៉ុន្តែម៉ាក នោះនឹងមិនត្រូវបានលុបចេញពីបញ្ជីឡើយ ប្រសិនបើម្ចាស់ម៉ាក ឬ អ្នកទទួលអាជ្ញាប័ណ្ណបង្ហាញថាកាលៈទេសៈពិសេសបានរារាំងការប្រើប្រាស់ម៉ាក ហើយគ្មានបំណងមិនប្រើ ឬបោះបង់ចោលម៉ាកនោះទេ។[20]  ទោះជាយ៉ាងណា ម៉ាកដែលចុះបញ្ជីរួចនៅតែត្រូវអាចលុបចេញពីបញ្ជី ប្រសិនបើភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក ឬម្ចាស់ម៉ាកខកខានមិនបានដាក់ពាក្យស្នើសុំបញ្ជាក់អំពីការប្រកាសប្រើប្រាស់ ឬមិនបានប្រើប្រាស់។[21]

 

ល័ក្ខខ័ណ្ឌចុងក្រោយ ដែលនាយកដ្ឋានកម្មសិទិ្ធបញ្ញាមានសិទិ្ធលុបម៉ាកចេញពីបញ្ជី ៖[22]

  • អ្នកសុំចុះបញ្ជីម៉ាកមិនបានដាក់ពាក្យស្នើសុំចុះបញ្ជីសាជាថ្មីនូវម៉ាកដែលបានចុះបញ្ជីរួច តាមរយៈពេល ដែលកំណត់ក្នុងមាត្រា ១២ (ខ) និង (ឃ)។

  • ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ ស្នើសុំលុប

  • ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនគោរពល័ក្ខខ័ណ្ឌ ឬការកម្រិតដែលបានកំណត់នៅក្នុងមាត្រា ០៨

  • ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយលែងមានអាសយដ្ឋានទាក់ទងនៅក្នុងព្រះរាជាណាចក្រកម្ពុជា

  • ជឿជាក់ដោយផ្អែកលើភ័ស្តុតាងថា ម្ចាស់ម៉ាកដែលបានចុះបញ្ជីរួចហើយ មិនមែនជាម្ចាស់ស្របច្បាប់

  • ជឿជាក់ថាម៉ាកដែលបានចុះបញ្ជីរួចហើយ ប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងម៉ាកល្បីដែលជាកម្មសិទិ្ធរបស់ភាគីទីបី។

 

ច្បាប់ស្តីពី ម៉ាកផ្តល់សិទិ្ធជូននាយកដ្ឋានកម្មសិទិ្ធបញ្ញា ក្នុងការលុបម៉ាកចេញពីបញ្ជី ដោយផ្អែកលើល័ក្ខខ័ណ្ឌខាងលើ ប៉ុន្តែល័ក្ខខ័ណ្ឌទាំងនោះក៏អាចត្រូវបានប្រើប្រាស់ជាមូលដ្ឋាននៅក្នុងសំណើរសុំលុបម៉ាករបស់ភាគីដែលមានផលប្រយោជន៍ផងដែរ។ ល័ក្ខខ័ណ្ឌមួយ ឬច្រើនដែលមានចែងខាងលើនេះ អាចត្រូវបានបញ្ចូលក្នុងសំណើរសុំលុបម៉ាកបាន។          

 

ការមោឃភាព និង ការលុបម៉ាកចេញពីបញ្ជី

ច្បាប់ស្តីពី ម៉ាកក៏មានចែងផងដែរនូវបញ្ញត្តិអំពីអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ច្បាប់នេះចែង យ៉ាងទូលំទូលាយអំពីការហាមខាត់លើទង្វើដែលមិនស្របច្បាប់នៃការប្រកួតប្រជែង ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តទៀងត្រង់នៅក្នុងវិស័យឧស្សាហកម្មពាណិជ្ជកម្ម សេវាកម្ម។[23]  

ទង្វើទាំងឡាយដូចខាងក្រោមត្រូវចាត់ទុកថាបានបង្កើតនូវអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់៖[24]

 

  • ការបង្កើតអោយមានការភាន់ច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជា មួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែ

  • ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើអោយខូចកេរ្តិ៍ឈ្មោះសហគ្រាស ទំនិញ ឬ សកម្មភាព ឧស្សាហកម្ម  ពាណិជ្ជកម្ម  ឬសេវាកម្មនៃគូប្រកួតប្រជែង

  • ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើអោយសាធារណជនភាន់ច្រឡំអំពីប្រភេទ ដំណើរការផលិត  លក្ខណៈ  ភាពសមស្របសម្រាប់គោលបំណងរបស់គេ   ឬបរិមាណនៃទំនិញ  

 

ទោះបីជា ច្បាប់ស្តីពីម៉ាកចែងតែ ០៣​ (បី) ល័ក្ខខ័ណ្ឌនៃអំពើប្រកួតប្រជែងមិនស្មោះត្រង់ តែបទបញ្ញតិ្តទាំង នេះអាចជាមូលដ្ឋានដ៏ល្អសម្រាប់ដៃគូប្រកួតប្រជែង ក្នុងករណីដែលមានអំពើមិនស្មោះត្រង់ ឬផ្ទុយពីការអនុវត្តទៀងត្រង់ដែលប៉ះពាល់ដល់សកម្មភាពឧស្សាហកម្ម  ពាណិជ្ជកម្ម និងសេវាកម្ម។  

 

 

ការប្រកួតប្រជែងមិនស្មោះត្រង់

ម្ចាស់ដើមនៃម៉ាកដែលបានចុះបញ្ជីត្រូវទទួលបាននូវសិទិ្ធផ្តាច់មុខដើម្បីរេរាំងអ្នកដ៏ទៃ ក្នុងការធ្វើទីផ្សាលើផលិតផល ឬសេវាកម្ម ដែលមានម៉ាកដូច ឬប្រហាក់ប្រហែលដែលនាំអោយភាន់ច្រឡំ។ សិទិ្ធផ្តាច់មុខរបស់ម្ចាស់ដើមនៃម៉ាកត្រូវបានធានានៅក្នុងមាត្រា ១១ (ដប់មួយ) នៃច្បាប់ស្តីពីម៉ាក។

 

ការរំលោភម៉ាកកើតឡើង នៅពេលដែលសញ្ញាដូច ឬប្រហាក់ប្រហែលដែលនាំអោយច្រឡំនឹងម៉ាកដែលបានចុះបញ្ជី ត្រូវបានប្រើប្រាស់ដោយជនណាមួយក្រៅពីម្ចាស់ដោយគ្មានការយល់ព្រមជាមុន លើទំនិញ ឬសេវាដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញ ឬសេវាដែលបានចុះបញ្ជីរួច។ ច្បាប់ស្តីពីម៉ាក កំណត់ទង្វើ ០៣ (បី) ដែលអាចចាត់ទុកថាជាការរំលោភម៉ាក៖

  • ការរំលោភម៉ាកដែលបានចុះបញ្ជីរួចៈ ការប្រើប្រាស់នូវម៉ាកដែលបានចុះបញ្ជីរួច ឬសញ្ញាដូច ឬ ប្រហាក់ប្រហែល ដែលនាំអោយច្រឡំនឹងម៉ាកដែលបានចុះបញ្ជីដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាក លើទំនិញ ឬសេវាដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញ  ឬសេវាដែលបានចុះបញ្ជីរួច។[25]

  • ការរំលោភម៉ាកល្បីដែលបានចុះបញ្ជីរួចៈ កាប្រើប្រាស់នូវសញ្ញាដូច ឬប្រហាក់ប្រហែលដែលនាំអោយភាន់ច្រឡំទៅនឹងម៉ាកល្បី ដោយគ្មានការយល់ព្រមពីម្ចាស់ម៉ាកល្បី។ ការប្រើប្រាស់នោះត្រូវទាក់ទងនឹងទំនិញ និងសេវាដែលដូច ឬប្រហាក់ប្រហែលនឹងទំនិញនិងសេវានៃម៉ាកល្បីដែលបានចុះបញ្ជី ឬការប្រើប្រាស់នោះទាក់ទងនឹងទំនិញ និងសេវាដែលមិនដូច ឬមិនប្រហាក់ប្រហែលនឹងទំនិញនិងសេវានៃម៉ាកល្បីដែលបានចុះបញ្ជីរួច ហើយការប្រើប្រាស់នូវសញ្ញាទាក់ទងនឹងទំនិញ ឬសេវានោះបញ្ជាក់នូវការពាក់ ព័ន្ធគ្នារវាងទំនិញនិងសេវាជាមួយនឹងម្ចាស់នៃម៉ាកល្បី ហើយដែលផលប្រយោជន៍នៃ ម៉ាកល្បីអាចនឹងត្រូវខូចខាតដោយការប្រើប្រាស់នោះ។[26]     

  • ការរំលោភម៉ាកល្បីដែលមិនបានចុះបញ្ជីៈ ការប្រើប្រាស់នូវសញ្ញាដែលដូច ឬប្រហាក់ប្រហែលនឹងម៉ាកល្បីដែលមិនបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការយល់ព្រមពីម្ចាស់នៃម៉ាកល្បី  ប្រសិនបើសញ្ញានោះត្រូវបានប្រើប្រាស់ទាក់ទងទៅនឹងទំនិញ ឬសេវាដូច ឬប្រហាក់ប្រហែលនឹងទំនិញ ឬសេវានៃម៉ាកល្បីនោះ។[27]

 

ម្ចាស់ម៉ាកដែលបានចុះបញ្ជីអាចស្នើសុំការដោះស្រាយពីតុលាការមានសមត្ថកិច្ច ឬពីនាយកដ្ឋានកម្មសិទិ្ធ  បញ្ញា។ តាមសំណើររបស់ម្ចាស់ម៉ាក តុលាការអាចចេញនូវសេចក្តីសម្រេចបណ្តោះអាសន្នមួយ ដើម្បីទប់ស្កាត់ការរំលោភ  ការដែលនឹងមានការរំលោភ ឬទង្វើដែលមិនស្របច្បាប់  សម្រចអោយសងការខូចខាត  ឬផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងជាធរមាននៅក្នុងច្បាប់ទូទៅ។[28]

 

ក្នុងការអនុវត្ត ដំណោះស្រាយចំណោះអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ ទទួលតាមនីតិវិធីរបស់តុលាការ  គឺមានតម្លៃខ្ពស់  យឺតយ៉ាវ  ចំណាយច្រើន និងមានភាពស្មុគស្មាញ។  តែផ្ទុយទៅវិញ នាយកដ្ឋានកម្មសិទិ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្មអាចធ្វើជាអ្នកសម្របសម្រួលការដោះស្រាយអំពីការរំលោភនេះផងដែរ។  ភាគីណាមួយនៃម៉ាក  ឬអំពីនៃការប្រកួតប្រជែងមិនស្មោះត្រង់ អាចផ្តួចផ្តើមនីតិវិធីសម្រុះសម្រួលតាមរយៈការស្នើសុំជាលាយលក្ខណ៍អក្សរទៅនាយកដ្ឋានកម្មសិទិ្ធបញ្ញា។ នាយកដ្ឋានកម្មសិទិ្ធបញ្ញានិងរៀបចំអោយមានសវនាការ ប្រសិនបើមានភាគីណាមួយបានស្នើសុំ  ឬរៀបចំឡើងដោយឆន្ទានុសិទិ្ធ។  ប្រសិនការដោះស្រាយត្រូវបានឈានដល់  ដំណោះស្រាយនោះនឹងចងភាគីទាំងពីរ  ប៉ុន្តែបើគ្មានដំណោះស្រាយនោះទេ ភាគីណាមួយនៃវិវាទអាចបន្តនីតិវិធីជាមួយតុលាការមានសមត្ថកិច្ចបាន។

 

 

 

ការរំលោភ និងវិធានការដោះស្រាយ

ការប្រើប្រាស់នូវម៉ាកសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមដែលបានចុះបញ្ជីរួចដោយគ្មានការយល់ព្រមពីម្ចាស់ជាមុន ត្រូវចាត់ទុកថាជាអំពើនៃការរំលោភ។  ជនណាមួយដែលរំលោភនូវម៉ាកសញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជនាមត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី ១.០០០.០០០ (មួយលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល (ប្រហែល ២៥០ ដុល្លាអាមេរិក ដល់ ៥.០០០ ដុល្លាអាមេរិក) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ០១ (មួយ) ឆ្នាំ ដល់ ០៥ (ប្រាំ) ឆ្នាំ ឬទោសណាមួយនៃទោសទាំងពីរនេះ។[29] ទង្វើនៃការប្រកួតប្រជែងមិនស្មោះត្រង់និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី ៥.០០០.០០០ (ប្រាំលាន) រៀល ដល់ ១០.០០០.០០០ (ដប់លាន) រៀល​ (ប្រហែល ១.២៥០ ដុល្លាអាមេរិក ដល់ ២.៥០០ ដុល្លាអាមេរិក) និងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ០១ (មួយ) ខែ ដល់ ០១ (មួយ) ឆ្នាំ  ឬទោសណាមួយនៃទោសទាំងពីរនេះ។[30]  ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេឡើង ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។ នាយកគ្រប់គ្រង អ្នកចាត់ការ ឬតំណាងនៃនីតិបុគ្គលត្រូវទទួលទណ្ឌកម្មសម្រាប់បទល្មើស

លើកលែងតែអាចបង្ហាញភ័ស្តុតាងថាគេពុំបានដឹងឮ ឬយល់ស្របនឹងបទល្មើសនោះឡើយ។[31]

 

 

 

 

 

ទោសប្បញ្ញត្តិ

1 គេហទំព័រនាយកដ្ឋានកម្មសិទិ្ធបញ្ញា

2 ច្បាប់ស្តីពីម៉ាក  មាត្រា ២

3 ច្បាប់ស្តីពីម៉ាក  មាត្រា ២

4 ច្បាប់ស្តីពីម៉ាក  មាត្រា ២

5 ច្បាប់ស្តីពីម៉ាក  មាត្រា ២

6 ច្បាប់ស្តីពីម៉ាក  មាត្រា ៥៨

7 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ៧ 

8 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ១៣ 

9 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ១៦   និងសេចក្តីជូនដំណឹងលេខ ០០១៦  

10 ច្បាប់ស្តីពីម៉ាក  មាត្រា ៤

11 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ២១

12 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ២១

13 ច្បាប់ស្តីពីម៉ាក  មាត្រា ១២

14 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ២២

15 ច្បាប់ស្តីពីម៉ាក  មាត្រា ១៩

16 ច្បាប់ស្តីពីម៉ាក  មាត្រា ៥២

17 សេចក្តីជូនដំណឹងលេខ ០៧៣៨ 

18 ច្បាប់ស្តីពីម៉ាក  មាត្រា ១៣

19 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ២៤(៧)

20 ច្បាប់ស្តីពីម៉ាក  មាត្រា ១៥

21 អនុក្រឹតស្តីពីការអនុវត្តច្បាប់ម៉ាក  មាត្រា ២១(៤)

22 ច្បាប់ស្តីពីម៉ាក  មាត្រា ១៤

23 ច្បាប់ស្តីពីម៉ាក  មាត្រា ២២

24 ច្បាប់ស្តីពីម៉ាក  មាត្រា ២៣

25 ច្បាប់ស្តីពីម៉ាក  មាត្រា ២៤

26 ច្បាប់ស្តីពីម៉ាក  មាត្រា ២៥

27 ច្បាប់ស្តីពីម៉ាក  មាត្រា ២៦

28 ច្បាប់ស្តីពីម៉ាក  មាត្រា ២៧

29 ច្បាប់ស្តីពីម៉ាក  មាត្រា ៦៤

30 ច្បាប់ស្តីពីម៉ាក  មាត្រា ៦៥

31 ច្បាប់ស្តីពីម៉ាក  មាត្រា ៦៨

 

 

 

Footnotes